Header Ads

ធារី ចន្ថាប៊ីន បានមកដល់កម្ពុជា ស្របពេល ចាន់ វឌ្ឍនាកា មិនទាន់ច្បាស់ ដោយសារមូលហេតុ…

បន្ទាប់ពីការកោះហៅកីឡាករ ២ រូបដែលប្រកបអាជីពនៅលីគក្រៅប្រទេស ចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជា ដែលរួមមាន ធារី ចន្ថាប៊ីន និង ចាន់ វឌ្ឍនាកា ខណៈពេលនេះ ធារី ចន្ថាប៊ីន បានមកដល់កម្ពុជាហើយ ស្របពេលដែល ចាន់ វឌ្ឍនាកា នៅមិនទាន់ប្រាកដថ្ងៃដែលត្រូវមកដល់កម្ពុជា នៅឡើយទេ។
ខ្សែបម្រើ ធារី ចន្ថាប៊ីន បានមកដល់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជា តាំងពីរសៀលថ្ងៃទី ២៩ ខែ ឧសភា ម្សិលមិញ ដោយសារតែលីគលំដាប់ទី ២ ថៃ នឹងត្រូវសម្រាករហូតដល់ ពាក់កណ្ដាលខែមិថុនា ក្រោយបញ្ចប់ការប្រកួតនៅក្នុងជុំទី ១ រួចរាល់។
ដោយឡែកសម្រាប់ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា ហាក់នៅមិនទាន់ប្រាកដថ្ងៃដែលត្រូវមកដល់កម្ពុជានៅឡើយទេ ដោយសារនៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ ២០១៧ ខាងមុខនេះ ក្លិបរបស់ខ្លួន Fujieda MYFC នឹងត្រូវប្រកួតជាមួយ ក្លិប Fukushima United ក្នុងជំនួបសប្ដាហ៍ទី ១១ នៃលីគលំដាប់ទី ៣ ជប៉ុន។
បែបនេះគឺបានសេចក្ដីថា បើសិនជា ចាន់ វឌ្ឍនាកា មានឈ្មោះក្នុងបញ្ជីកីឡាករ ១៨ នាក់ដែលត្រូវទៅប្រកួតនៅទីក្រុង Fukushima នោះថ្ងៃទី ០៦ ខែ មិថុនា ទើប ចាន់ វឌ្ឍនាកា អាចមកដល់កម្ពុជាបាន ប៉ុន្តែបើសិនជា ខ្សែប្រយុទ្ធវ័យ ២៣ ឆ្នាំរូបនេះ មិនមានឈ្មោះទៅចូលរួមជាមួយក្លិប Fujieda MYFC នោះរូបគេនឹងមកដល់កម្ពុជា នៅល្ងាចថ្ងៃទី ០៤ ខែ មិថុនា។
គួរបញ្ជាក់ថា ចាន់ វឌ្ឍនាកា និង ធារី ចន្ថាប៊ីន ត្រូវបាន លោក Leonardo Vitorino កោះហៅជាលើកទី ២ ចាប់តាំងពីគ្រូបង្វឹកសញ្ជាតិប្រេស៊ីល ចូលមកកាន់តំណែងជាគ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នៅដើមឆ្នាំ ២០១៧ មក។
កីឡាករទាំង ២ រូបនឹងត្រូវមានភារកិច្ចជួយក្រុមជម្រើសជាតិកម្ពុជា ប្រកួតបាល់ទាត់លក្ខណៈមិត្តភាពអន្តរជាតិជាមួយ ក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូណេស៊ី នៅថ្ងៃទី ០៨ ខែ មិថុនា នៅវេលាម៉ោង ៦:៣០ នាទីល្ងាច នាពហុកីឡដ្ឋានជាតិ មុនទទួល ក្រុមបាល់ទាត់ជម្រើសជាតិអាហ្វហ្គានីស្ថាន នៅថ្ងៃទី ១៣ ខែដដែល ក្នុងពានរង្វាន់ AFC Asain Cup វគ្គជម្រុះជុំចុងក្រោយ ប្រចាំពូល C នៅពហុកីឡដ្ឋានជាតិ៕





No comments